ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្រ្តីច្បាប់អាស៊ានស្តីពីសុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១០ (10th ASLOM WG on Harmonisation of ASEAN Trade Law) តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

             នាព្រឹកថ្ងៃអង្គារ ៦ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ និងជាប្រធានឧត្តមមន្រ្តីច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារឧត្តមមន្រ្តីច្បាប់អាស៊ានស្តីពីសុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១០ (10th ASLOM WG on Harmonisation of ASEAN Trade Law) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូឧត្តមមន្ត្រីច្បាប់ នៃប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ដោយឡែក សមាសភាពគណៈប្រតិភូកម្ពុជារួមមានតំណាងក្រសួងពាណិជ្ជកម្ម តំណាងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) តំណាងលេខាធិការដ្ឋាននៃក្រុមប្រឹក្សានីតិកម្មនិងយុត្តិធម៌ និងតំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ នៃក្រសួងយុត្តិធម៌។

            អង្គប្រជុំបានស្តាប់របាយការណ៍បច្ចុប្បន្នភាពពីបណ្តារដ្ឋជាសមាជិកអាស៊ាន និងបន្តពិនិត្យពិភាក្សាទៅលើ កិច្ចការពាក់ព័ន្ធនឹងមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការទិញលក់ទំនិញជាអន្តរជាតិ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងអនុសញ្ញាសិង្ហបូរីស្តីពីសន្ធានកម្ម។