ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

        នាព្រឹក ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានចំនួនសរុប ១១៧ រូប។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ រួមទាំងអតីតសិស្សក្រឡាបញ្ជីជំនាន់៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
        ជាកិច្ចចាប់ផ្ដើម ក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានបង្ហាញនូវតួនាទី និងភារកិច្ចរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលជាសេនាធិការក្នុងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យយុត្តិធម៌ និងបានគោរពរាយការណ៍ដោយសង្ខេបនូវការបណ្តុះបណ្តាលសិស្ស សាលាភូមិន្ទក្រឡាបញ្ជី ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលបច្ចុប្បន្ន គឺមានការបណ្តុះបណ្តាលសិស្សក្រឡាបញ្ជីបាន ៧ ជំនាន់ រួចមកហើយ ដែលមានចំនួនសរុប ៦៨៩រូប (ស្ដ្រី ១៩៥រូប), នេះដោយមិនទាន់រាប់ បញ្ចូលសិស្សក្រឡាបញ្ជីជំនាន់ទី៨ ចំនួន ១០១រូប ផ្សេងទៀត ដែលសព្វថ្ងៃកំពុងត្រៀមទទួលការបណ្តុះបណ្តាលនៅឡើយនោះទេ។
        ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ ក្នុងការខិតខំផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្នុងនោះរួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី ប្រកបដោយគុណភាព និងចំណេះដឹង ដើម្បីទៅបម្រើសេវាផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចដ៏សំខាន់របស់ក្រឡាបញ្ជីនៅគ្រប់កិច្ចនៃនីតិវិធីដែលមិនអាចខ្វះបាន ព្រោះក្រឡាបញ្ជី គឺជាជំនួយដល់អង្គតុលាការ និងអង្គអយ្យការ។
        ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់ អតីតសិស្សក្រឡាបញ្ជីទាំងអស់ ដែលជាយុវជនទើបចាប់ផ្កើមវិជ្ជាជីវៈ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល ត្រូវតែការពារសន្តិភាពជាដាច់ខាត ដើម្បីវិបុលភាពកម្ពុជា រួមទាំងបានធ្វើការផ្ដាំផ្ញើដល់អតីតសិស្សក្រឡាបញ្ជីទាំងអស់ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមច្បាប់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។