ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកម្មវិធីវិបស្សនានិងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ លើការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ។

            នាថ្ងៃ សុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញដឹកនាំកម្មវិធីវិបស្សនានិងសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងក្រសួងយុត្តិធម៌ លើការរៀបចំឯកសារគតិយុត្តសម្រាប់គាំទ្រដល់ការអនុវត្តយន្តការសន្ធានកម្មនៅថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមចំនួន ៣៥ នាក់ មកពីគ្រប់អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន និងអគ្គាធិការដ្ឋាន ចំណុះក្រសួងយុត្តិធម៌។

          សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា ពិគ្រោះយោបល់ ប្រមូលធាតុចូល និងអនុសាសន៍ ក្នុងការរៀបចំឯកសារគតិយុត្តចំនួន ៣ ដូចខាងក្រោម៖

        ១-ស្តង់ដារអប្បបរមាសម្រាប់ការទទួលស្គាល់វិជ្ជាជីវៈសន្ធានការីមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។ ការបង្កើតឲ្យមានស្តង់ដារអប្បបរមានេះ គឺដើម្បីកម្រិត ការទទួលស្គាល់វិជ្ជាជីវៈ និងកម្រិតស្តង់ដារប្រតិបត្តិរបស់សន្ធានការី ដែលផ្តោតទៅលើសន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។

        ២-ក្រមសីលធម៌ សម្រាប់វិជ្ជាជីវៈសន្ធានការី ជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។ ការបង្កើតឲ្យមានក្រមសីលធម៌នេះ ក្នុងគោលបំណងដើម្បីកំណត់ឲ្យមានក្រមសីលធម៌ក្នុងការប្រតិបត្តិការជាសន្ធានការី ក្នុងការធ្វើសន្ធានកម្ម ដែលផ្តោតទៅលើសន្ធានការីជាមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ។

        ៣-សៀវភៅណែនាំប្រតិបត្តិការសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន។ ការរៀបចំសៀវភៅនេះ ដើម្បីណែនាំអំពីប្រតិបត្តិការការងាររដ្ឋបាល និងការធ្វើសន្ធានកម្ម ឬ ការដោះស្រាយវិវាទ នៅក្នុងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុង ស្រុក ខណ្ឌ។