ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

            នៅទីស្តីការក្រសួងយុត្តិធម៌, នារសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យប្រតិភូនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (ម.ជ.ម.) ដែលដឹកនាំដោយ លោក ប៊ុន យូឌី ប្រធាន ម.ជ.ម. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនេះ, លោកប្រធាន ម.ជ.ម. បានរបាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលដែល ម.ជ.ម. សម្រេចបាន និងលើកឡើងអំពីបញ្ហាជាទិដ្ឋភាពផ្នែកច្បាប់មួយចំនួន ក៏ដូចជា បានស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌លើការងារពាក់ព័ន្ធនឹងមជ្ឈត្តការពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

          ថ្លែងក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីលទ្ធផលជាវិជ្ជមាននៃការអភិវឌ្ឍរបស់ ម.ជ.ម. ដែលសមិទ្ធផលទាំងនេះបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តពីវិនិយោគិនគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្រុក ទាំងបរទេស និងការបង្កើតបរិយាកាសល្អប្រសើរសម្រាប់ទាក់ទាញវិនិយោគិននៅកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងយុត្តិធម៌ នឹងបន្តផ្តល់ការគាំទ្រពេញទំហឹងលើរាល់ការងារនានាដែលបម្រើឱ្យការអភិវឌ្ឍយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ពិសេស យន្តការសន្ធានកម្ម ក៏ដូចជា មជ្ឈត្តការពាណិជ្ជកម្មផងដែរ។