ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីអំពី “សភាពការនយោបាយ ស្ថានភាពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌កម្ពុជា” តាមប្រព័ន្ធអនឡាញ ជូនដល់មន្រ្តីការទូតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលទើបទទួលបានការតែងតាំង។

 

          នាព្រឹក ថ្ងៃ ចន្ទ ១០ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញធ្វើបទឧទ្ទេសនាម ស្តីអំពី “សភាពការនយោបាយ ស្ថានភាពសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌កម្ពុជា” ក្នុងវគ្គតម្រង់ទិស តាមប្រព័ន្ធអនឡាញ ជូនដល់មន្រ្តីការទូតក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមមាន អគ្គទីប្រឹក្សា ទីប្រឹក្សា លេខាធិការ និងកុងស៊ុល ដែលទើបទទួលបានការតែងតាំង និងត្រូវចេញទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេសក្នុងសប្តាហ៍ក្រោយនេះ។
          វគ្គតម្រង់ទិសនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ជាមួយវិទ្យាស្ថានការទូតនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែមសម្រាប់អនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីការទូតនៅតាមតំណាងស្ថានបេសកកម្មការទូតកម្ពុជានៅក្រៅប្រទេស ឲ្យកាន់តែសកម្មស៊ីជម្រៅ និងមានប្រសិទ្ធភាព។