ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីនិងចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី «ការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)» ។

        ទីស្ដីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃ ពុធ ១ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញជាអធិបតីនិងចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការនូវគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី “ការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ (ជំហានទី៦)” រវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)។

      ការចុះកិច្ចព្រមព្រៀងនេះ ក្នុងគោលបំណងរពង្រឹងនូវកម្មវិធីនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ និងដើម្បីពង្រឹងនូវសមត្ថភាពរបស់ចៅក្រម និងអ្នកប្រកបវិជ្ជាជីវ:ច្បាប់ ក្នុងការបកស្រាយ និងអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ព្រមទាំងច្បាប់ដទៃទៀតក្នុងវិស័យរដ្ឋប្បវេណីឱ្យបានកាន់តែល្អប្រសើរ។ តាមរយ:គម្រោងនេះ កម្មវិធីនៃការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនឹងត្រូវបានពង្រឹង ស្របតាមច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ហើយជាពិសេស គឺការផ្តោតលើការបណ្តុះបណ្តាលគ្រូបង្គោលផ្នែកច្បាប់រដ្ឋប្បវេណីដល់ចៅក្រម និងអ្នកវិជ្ជាជីវ:ច្បាប់ នៅរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ។

        គម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌ ជំហានទី៦ នេះ មានរយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៧ ក្រោមកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។