ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី

រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយ លោកស្រី MASUDA Junko អគ្គនាយិកានៃអគ្គនាយកដ្ឋានអភិបាលកិច្ចនិងកសាងសន្តិភាព នៃទីស្នាក់កណ្តាល JICA បានអញ្ជើញជាអធិបតីក្នុង “ពិធីអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងជប៉ុន លើការអភិវឌ្ឍច្បាប់រដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី”។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក TANINAI Ichitomo ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា, លោកស្រី KAMEI Haruko ប្រធានតំណាង JICA ប្រចាំកម្ពុជា, លោកសាស្រ្តាចារ្យ UEHARA Toshio ប្រធានទីប្រឹក្សាគម្រោង JICA, លោក NAITO Shintaro ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ (ICD) នៃក្រសួងយុត្តិធម៌ជប៉ុន, ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំ និងចៅក្រមនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, សាស្រ្តាចារ្យ, ជំនាញការ, គ្រូបង្គោល និងតំណាងក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ តាំងពីជំហានដំបូង រហូតដល់ជំហានទី៦។ ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ៖ (ទី១)-ដើម្បីអបអរសាទរនូវសមិទ្ធផលនានា ដែលសម្រេចបាននៅក្នុងក្របខណ្ឌ “គម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌” ចាប់តាំងពីជំហានទី១ រហូតដល់ជំហានទី៥ ដែលមានរយៈពេលជាង ២៥ឆ្នាំ កន្លងមកនេះ និង (ទី២)-ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យច្បាប់ និងយុត្តិធម៌រវាងកម្ពុជា និងជប៉ុន សម្រាប់ពេលអនាគតផងដែរ។ ទន្ទឹមនេះ, ពិធីអបអសាទរនេះ ត្រូវបានរៀបចំឡើងស្របពេលដែលប្រទេសកម្ពុជា និងប្រទេសជប៉ុន កំពុងរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងទាំងពីរផងដែរ។

ក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់ការគាំទ្រ និងជំនួយនានាដល់កម្ពុជា និយាយជារួម និងនិយាយដោយឡែក ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ តាំងពីគម្រោងជំហានទី១ ដល់ជំហានទី៦ អស់រយៈពេលជាង ២៤ឆ្នាំ កន្លងមកនេះ ហើយគម្រោងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់វិស័យច្បាប់ និងយុត្តិធម៌ ជាពិសេស វិស័យរដ្ឋប្បវេណីនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈគម្រោងនេះ ប្រទេសជប៉ុនបានជួយឱ្យកម្ពុជាកសាងបានឡើងវិញនូវប្រព័ន្ធច្បាប់ផ្នែករដ្ឋប្បវេណីរបស់ខ្លួន ដែលបាននិងកំពុងអនុវត្តយ៉ាងទូលំទូលាយ និងរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហើយត្រូវបានចាត់ទុកជាគ្រឹះច្បាប់មួយដ៏សំខាន់សម្រាប់ប្រព័ន្ធច្បាប់កម្ពុជា ទាំងសម្រាប់ពេលបច្ចុប្បន្ន ទាំងសម្រាប់ពេលអនាគត។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា ទន្ទឹមនឹងសមិទ្ធផលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនដែលបានបង្កើតឡើង, កម្ពុជាក៏បានជួបប្រទះនូវបញ្ហាខ្លះៗពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះផងដែរ ទាំងលើការបកស្រាយក្នុងការអនុវត្ត ទាំងលើប្រសិទ្ធភាពនៃការប្រើប្រាស់ ក៏ដូចជា ការឆ្លើយតបទៅនឹងតម្រូវការនៃសង្គមជាក់ស្តែងផង ដោយហេតុថា៖ (១)-សង្គមជាតិមានការវិវត្តទៅមុខ ជាពិសេស ការអភិវឌ្ឍដ៏ទំនើប និងដ៏ឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងឌីជីថល ដែលបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនូវរបៀបនៃការរស់នៅ និងការប្រាស្រ័យទាក់ទងរបស់មនុស្ស និង (២)-ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ត្រូវបានគិតគូរ និងបង្កើតឡើងតាំងពីជាង ២០ឆ្នាំមុន ហើយត្រូវបានអនុវត្តក្នុងសង្គមកម្ពុជាបានរយៈពេលប្រមាណ ១៥ឆ្នាំមកហើយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី គួរតែដល់ពេលវេលាសមស្រប ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពីលទ្ធភាពនៃការធ្វើវិសោធនកម្ម និងការអនុវត្តក្រមទាំងពីរនេះ ព្រមទាំង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធផ្សេងទៀតក្នុងវិស័យរដ្ឋប្បវេណី សំដៅពិនិត្យមើលអំពីការលំបាកនានា ក៏ដូចជា ប្រសិទ្ធភាពក្នុងឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹងសេចក្តីត្រូវការ និងការវិវត្តជាក់ស្តែងនៃសង្គម ជាពិសេស ក្នុងបរិបទថ្មីនៃសម័យឌីជីថល។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យភាគីជប៉ុន ជាពិសេស ទីប្រឹក្សា, សាស្រ្តាចារ្យ, ជំនាញការ និងតួអង្គទាំងឡាយ ដែលជាអ្នកបានចូលរួមរៀបចំ និងតាក់តែងច្បាប់ទាំងឡាយក្នុងវិស័យរដ្ឋប្បវេណីនេះ ចូលរួមឱ្យបានផុលផុសក្នុងកិច្ចដំណើរការនៃការវាយតម្លៃអំពីការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី នេះកុំបីខាន ដើម្បីឱ្យក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ក៏ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី អាចឆ្លើយតបបានប្រកបដោយប្រសិទ្ធភាពទៅនឹងសេចក្តីត្រូវការ និងការវិវត្តជាក់ស្តែងនៃសង្គម ជាពិសេស ក្នុងបរិបទថ្មីនៃសម័យឌីជីថល។ មុននឹងបញ្ចប់, ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណ និងការគោរពដ៏ស្មោះស្ម័គ្រជូនចំពោះតួអង្គទាំងអស់ ទាំងជប៉ុន ទាំងកម្ពុជា ដែលបានចូលរួម និងបានខិតខំប្រឹងប្រែង ព្រមទាំងលះបង់កម្លាំងកាយនិងកម្លាំងចិត្ត ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ រហូតសម្រេចបានជោគជ័យល្អប្រសើរ និងបានជាគុណប្រយោជន៍ដ៏មានតម្លៃបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។