ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការណ៍អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសហការី ចុះទៅបើកកិច្ចប្រជុំផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ និង ក្រមព្រហ្មទណ្ឌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អមដោយក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋាន បានចុះមកកាន់ស្រុកអង្គស្នួលក្នុងគោលបំណងផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌដោយយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរងខេត្ត លោកមេបញ្ជាការរងខេត្ត លោកអភិបាលរងស្រុក, លោក-លោកស្រីនាយករដ្ឋបាលសាលាស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក, លោកអធិការ លោកអធិការង នាយរងផ្នែកនឹងប៉ុស្តិ៍ទាំង១០ ចំណុះអធិការដ្ឋាន លោកមេបញ្ជាការស្រុក មេបញ្ជាការរងស្រុក មន្ត្រីកងរាជអាវុធហត្ថស្រុក លោកប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោក-លោកស្រីមេឃុំ និងជំទប់ទី១ឃុំ គ្រប់ឃុំទូទាំងស្រុក លោកស្មៀនឃុំទាំង១០ លោក-លោកស្រីមេភូមិទាំង២០០ក្នុងស្រុក ។កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណង៖

-ពន្លឿននីតិវិធីនៃការបញ្ជូនដីកាផ្សេងៗរបស់តុលាការ និងការចារបញ្ជាក់លើដីកាវិលមកវិញ

-អនុប៉ុស្តិ៍ មេប៉ុស្តិ៍ អធិការស្រុក ត្រូវពង្រឹងកំណត់ហេតុ ព្រោះខ្លួនជាអ្នកអង្កេត ឬជួបហេតុកាណ៍មុនគេបង្អស់

-ការថែរក្សា ទុកដាក់វត្ថុតាង និងកំណត់ហេតុដកហូតវត្ថុតាង ត្រូវមានភាពច្បាស់លាស់ -និយាយអំពីការចុះហត្ថលេខាដោយ មេភូមិ-ឃុំ និងការវាយត្រាដោយស្មៀន លើលិខិតស្នាមផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្ន

-មេភូមិ មេឃុំ ត្រូវសហការជាមួយមន្រ្តីនគរបាលយុត្តិធម៌ក្នុងកិច្ចផ្សេងៗ ដូចជាករណី ឆែកឆេរលំនៅដ្ឋាន និងចូលរួមសហការក្នុងការផ្តល់ព័ត៌មានអំពីជនប្រព្រឹត្តបទល្មើស

-ពង្រឹងវិធានការណ៍ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀនក្នុងមូលដ្ឋាន។ -ក្នុងការបង្ក្រាបបទល្មើសខ្លះ ត្រូវការមន្ត្រីជំនាញកោសល្យវិច័យ ហើយមន្ត្រីនគរបាល ឬកងរាជអាវុធហត្ថ ពេលមានបទល្មើសព្រហ្មទណ្ឌកើតឡើងចាំបាច់ត្រូវរក្សាទីតាំងកើតហេតុអោយនៅស្ថានភាពដើម ។