ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ក្រោមជាតិ

នាព្រឹក ថ្ងៃចន្ទ ៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដឹកនាំកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា លើគម្រោងពង្រឹងយន្តការ និងការអនុវត្តសន្ធានកម្មនៅថ្នាក់ក្រោមជាតិ។ កម្មវិធីនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ២ របៀបវារៈ គឺ

        ១-រវាង នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ ជាមួយនិងអង្គការអុកស្វាមប្រចាំកម្ពុជា

        ២-រវាង នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ ជាមួយនិងអង្គការនារីដើម្បីសន្តិភាព។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលដៅអនុវត្តសកម្មភាពចម្បងចំនួន ២ គឺ សកម្មភាពទី១-ការរៀបចំបទដ្ឋានគតិយុត្ត សម្រាប់ការអនុវត្តសន្ធានកម្មនៅមូលដ្ឋាន សកម្មភាពទី២-ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេស និងស្តង់អនុវត្តដល់មន្ត្រីផ្តល់សេវាដោះស្រាយវិវាទនៅមូលដ្ឋាន។

គម្រោងកិច្ចសហការនេះ នឹងឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើវិមជ្ឈត្តការ និងវិសហមជ្ឈត្តការ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងពង្រឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ដែលរាជរដ្ឋាភិបាលបានប្រគល់មកក្រសួងយុត្តិធម៌ជាអ្នករៀបចំគោលនយោបាយតម្រង់ទិស និងផ្តល់នូវស្តង់ដារបច្ចេកទេស។