ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ នៃអនុគណៈកម្មការ ចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) តាមរយៈប្រព័ន្ធវីដេអូហ៊្សូម (Zoom)

        នារសៀល ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២, កិច្ចប្រជុំក្រុមការងារទី៣ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ ទាក់ទងនឹងការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ និងការរឹបអូស នៃអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងារ របស់ក្រុម ការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃក្រុមការងារ។

        កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារនៅក្នុងលទ្ធផលជាក់ស្តែងទី៧ និងទី៨ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជា សម្រាប់ដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) នៅដើមខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តមសហប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម និងប្រកបដោយស្មារតីខ្ពស់របស់ក្រុមការងារ និងបានផ្តល់អនុសាសន៍ណែនាំបន្ថែម ដើម្បីតម្រង់ទិសសម្រាប់ការរៀបចំសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពជុំទី៩ ក៏ដូចជាការត្រៀមខ្លួនដើម្បីការពាររបាយការណ៍នេះ។