ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ

        នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ព្រមទាំងដៃគូដែលមានការពាក់ព័ន្ធផ្សេងទៀត។

        ក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកស្រី គ្វីននេត វ៉ង នាយកប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួង-ស្ថាប័ន និងអង្គការពាក់ព័ន្ធមួយចំនួនទៀត។

        វគ្គបណ្តុះបណ្តាលនេះ ជាវគ្គបណ្តុះបណ្តាលលើកទី២ ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ចៅក្រម ព្រះរាជអាជ្ញានៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស អំពីបទល្មើស​​​ដែលកើតមាននៅក្នុងបណ្តាញសង្គមដែលមានហានិភ័យចំពោះកុមារ និងបទប្បញ្ញត្តិគតិយុត្តជាធរមានសម្រាប់ចំណាត់ការលើបទល្មើសទាំងនេះ សំដៅធានាបាននូវសង្គតិភាពនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត។

        ថ្លែងក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការងារការពារសិទ្ធិកុមារ និងការគាំពារកុមារពីការរំលោភបំពានផ្សេងៗតាមគ្រប់រូបភាព គឺជាការងារអាទិភាព ដោយហេតុថា កុមារគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ ហើយការអភិវឌ្ឍកុមារ គឺជាកូនសោគន្លឹះដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងរយៈពេលវែង។ ទន្ទឹមនេះ, កន្លងមកកម្ពុជាបានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តយ៉ាងច្រើន ដែលបង្កើតបានជាក្របខណ្ឌគតិយុត្តរឹងមាំ ដើម្បីផ្តល់នូវការគាំពារផ្លូវច្បាប់ដល់កុមារប្រឆាំងរាល់ទម្រង់នៃការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ។

        ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍នៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា និងអ៊ីនធឺណិត, ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កំពុងរីករាលដាល និងកំពុងក្លាយជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូល និយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក ដែលទាមទារនូវការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀតពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងលើការលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងដ៏ត្រឹមត្រូវអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ទាំងលើការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តវិធានការច្បាប់ចំពោះបទល្មើស។ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ ក៏ទាមទារជាចាំបាច់ផងដែរឱ្យមន្រ្តីអនុវត្តច្បាប់ ត្រូវយល់ដឹងឱ្យបានស៊ីជម្រៅអំពីទម្រង់ផ្សេងៗនៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ, ពីចរិកលក្ខណៈ និងកលល្បិចរបស់ជនល្មើស, ឧត្តម្មានុវត្តក្នុងការស៊ើបអង្កេត និងកិច្ចការពារជនរងគ្រោះ ក៏ដូចជា បញ្ហាប្រឈមផ្សេងៗក្នុងការស៊ើបអង្កេតបទល្មើស បន្ថែមលើចំណេះដឹងស៊ីជម្រៅផ្នែកបច្ចេកទេសច្បាប់ និងនីតិវិធី។