ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត

        កំពត៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ជំនួស ឯកឧត្តម ឯក ឆេងហួត ដែលត្រូវបានផ្ទេរមុខតំណែងទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវវិញ។
        ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជា មន្រ្តីរាជការ មន្ត្រីតុលាការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។
        មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្ត បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ជីវ ចាន់តារា អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដែលត្រូវបានផ្ទេរមកជា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឯក ឆេងហួត អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត ដែលបានដឹកនាំស្ថាប័នអយ្យការនេះ បានយ៉ាងប្រសើរ និងបានចូលរួមចំណែកក្នុងការធានាសន្តិសុខសង្គម និងបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក និងចុងក្រោយនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌។
        ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, អាជ្ញាធរដែនដី, មន្ទីរជុំវិញខេត្ត, អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តតាកែវ នាពេលកន្លងមក ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ជាពិសេស ជាមួយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពតដែលទើបនឹងចូលកាន់មុខតំណែងថ្មីនេះ ឱ្យអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល។
        ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដែលកន្លងមក ឯកឧត្តម បានយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងផ្សះផ្សាវិវាទជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យវិវាទមួយចំនួនត្រូវបានដោះស្រាយរួច ដោយពុំចាំបាច់បញ្ជូនមកតុលាការដើម្បីដោះស្រាយឡើយ ដែលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការផង និងជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជួយដោះស្រាយវិវាទតាមរយៈការសម្របសម្រួល និងការផ្សះផ្សានេះបន្តទៀត ហើយក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ជាពិសេស អាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ឃុំ ឱ្យព្យាយាមលើកយកវិវាទនានាដែលច្បាប់អនុញ្ញាត មកធ្វើការដោះស្រាយតាមរយៈការសម្របសម្រួល និងការផ្សះផ្សារ ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។
        ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងដោយប្រកាន់ឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ, ឧត្តមគតិជាតិ និងភាពស្មោះត្រង់ ដើម្បីពង្រឹងការអនុវត្តច្បាប់ បន្តចូលរួមចំណែកថែរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងផ្តល់សេវាយុត្តិធម៌ឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ចៅក្រមទាំងអស់គប្បីព្យាយាមធ្វើការសម្របសម្រួល និងការផ្សះផ្សាវិវាទក្នុងសំណុំរឿងរដ្ឋប្បវេណីក្នុងប្រព័ន្ធតុលាការ ក្រោយពីទទួលបានពាក្យបណ្តឹង ដើម្បីម៉្យាងអាចបញ្ចប់វិវាទនោះឱ្យបានឆាប់រហ័សផង និងម៉្យាងទៀត ធ្វើឱ្យគូភាគីទទួលបាននូវលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា ដែលនេះក៏ជាយុត្តិធម៌មួយសម្រាប់គូភាគីផងដែរ។ ការព្យាយាមសម្របសម្រួល និងការផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីក្នុងសំណុំរឿងរដ្ឋប្បវេណី គឺត្រូវធ្វើឡើងផ្អែកតាមស្មារតីនៃមាត្រា៩៧ និង២២០ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលផ្តល់សិទ្ធិឱ្យចៅក្រមអាចសាកល្បងធ្វើការសម្របសម្រួល និងផ្សះផ្សារវាងគូភាគី នៅគ្រប់ដំណាក់កាលនៃនីតិវិធីតុលាការ ដើម្បីបញ្ចប់វិវាទនៅក្នុងសំណុំរឿងរដ្ឋប្បវេណី។ ទន្ទឹមនេះ ផ្អែកតាមមាត្រា ២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ការសម្របសម្រួល និងការផ្សះផ្សាដែលធ្វើឡើងនៅក្នុងប្រព័ន្ធតុលាការ នៅក្រោយពេលដែលតុលាការទទួលបានពាក្យបណ្តឹង គឺមានតម្លៃគតិយុត្តរឹងមាំ ដោយហេតុថា កំណត់ហេតុស្តីពីការសះជា ដែលជាលទ្ធផលនៃការផ្សះផ្សាបញ្ចប់វិវាទនៅក្នុងប្រព័ន្ធតុលាការ គឺមានអានុភាពអនុវត្តដូចសាលក្រមស្ថាពរ។
        ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការជំរុញការសម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទដោយតុលាការ និងតាមរយៈយន្តការសន្ធានកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានាបាននូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។