ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ជាប្រធាន និងគណៈប្រតិភូ នៃ UNAFEI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

    កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ថ្លែងក្នុងជំនួបនេះ, លោក MORINAGA TARO បានលើកឡើងអំពីគោលបំណងនៃការស្នើសុំជួបឯកឧត្តមរដ្ឋមន្រី្តនៅពេលនេះ ម្យ៉ាង ដើម្បីជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រី និងម្យ៉ាងទៀត ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា រួមទាំងដើម្បីពិនិត្យលទ្ធភាពអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាង UNAFEI និងក្រសួងយុត្តិធម៌កម្ពុជា។

    មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ UNAFEI ដែលបានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ ទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនកន្លងទៅថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោក MORINAGA TARO អំពីកិច្ចដំណើរការនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា និងបានគូសរំលេចអំពីស្ថានភាពជាក់ស្តែងមួយចំនួនរបស់សង្គមកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តទោស ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលអាចនឹងកើតមានឡើងក្នុងករណីដែលទោសការងារសហគមន៍ត្រូវបានដាក់ឱ្យអនុវត្តក្នុងពេលចំពោះមុខនេះ។ ទន្ទឹមនេះ, ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងស្នើឱ្យ UNAFEI ពិនិត្យលទ្ធភាពផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាពាក់ព័ន្ធនឹងកិច្ចការកែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ជាអាទិ៍ (១)-ការចូលរួមសិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំ និងធ្វើវិសោធនកម្មច្បាប់នានាក្នុងវិស័យព្រហ្មទណ្ឌ សំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា និង(២)-ការចូលរួម និងការផ្តល់ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ពាក់ព័ន្ធនឹងជំនាញបច្ចេកទេសនានាក្នុងកិច្ចដំណើរការនៃនីតិវិធីព្រហ្មទណ្ឌ ជាពិសេស ជំនាញស៊ើបអង្កេត ក៏ដូចជា ជំនាញធ្វើកោសលវិច័យលើភស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌ។

    បន្ទាប់ពីជំនួបនេះ, លោក MORINAGA TARO និងគណៈប្រតិភូ នៃ UNAFEI នឹងបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងលម្អិតនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNAFEI។