ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ឆ្នាំ២០២២ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

 

នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាង ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២២ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការគណៈ កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា (គ.ជ.នា/ក.អ.ក) នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង និង ស្ថាប័នពាក់ព័ន្ធចំនួន ២៣ ។ របៀបវារៈនៃកិច្ចប្រជុំនេះ គឺពិភាក្សា អំពីរបៀបវារៈដែលនឹងលើកយកទៅដាក់ពិភាក្សានាកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ ឆ្នាំ២០២២ រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ និង ២០ ខែតុលា ឆ្នាំ២០២២ និងការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួងស្ថាប័ននីមួយៗ ។