ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រធានមណ្ឌលអប់រំកែប្រែទី២ និងជនជាប់ឃុំនៅក្នុងមណ្ឌល

 

    នៅរសៀលថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃកាន់បិណ្ឌទី៩ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយផ្ទាល់របស់ ឯកឧត្តម ជូនដល់ប្រធានមណ្ឌល និងជនកំពុងជាប់ឃុំ នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) ។

    ពិធីផ្តល់អំណោយនេះ មានការនិមន្តចូលរួមជាព្រះកិត្តិយសដ៏ថ្លៃថ្លារបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូស្សូតស្តាំវត្តនិគ្រោធវ័ន (វត្តគល់ទទឹង) និង មានការអញ្ជើញចូលរួមពី ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌  លោក លោកស្រីជា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាង ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនផងដែរ ។

    បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីពីស្ថានភាពទូទៅនៅមណ្ឌលអប់រំកែប្រែទី២ របស់ ឯកឧត្តម ប្រធានមណ្ឌល និង ប្រសាសន៍របស់លោកជំទាវ អគ្គនាយករងពន្ធនាគារ ស្តីពីស្ថានភាពទូទៅរបស់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែរួចមក ឯកឧត្តម គឹម សន្តិភាព បានឡើងធ្វើចំណាប់អារម្មណ៍ សំណេះសំណាល និងណែនាំដល់ជនជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ទាំងអស់ត្រូវខិតខំកែប្រែឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូរ ជាពិសេសត្រូវកែប្រែទង្វើរបស់ខ្លួនឱ្យបានល្អ បំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់ ដើម្បីឆាប់ទទួលបាន ការបន្ធូរបន្ថយទោស និងលើកលែងទោស ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬទទួលបានការដោះលែងដោយមានលក្ខខណ្ឌ បានវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសង្គមជាតិវិញ ។

    ជាមួយគ្នានោះដែរ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ក៏បានផ្តល់ព្រះឱវាទអប់រំទូន្មាន កុំឱ្យអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំកសាងខ្លួនឱ្យបានល្អ ប្រព្រឹត្តល្អទាំងកាយវាចាចិត្ត ជាពិសេសត្រូវគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ ដើម្បីជីវិតពោរពេញដោយកិត្តិយសខ្ពង់ខ្ពស់ និងមានសេចក្តីសុខចម្រើន ។