ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា មកបំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាអំពីការអនុវត្តប្រព័ន្ធតុលាការឌីជីថល

 

    នាព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា មកបំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ ដើម្បីសិក្សាអំពីការអនុវត្តប្រព័ន្ធតុលាការឌីជីថលម៉ាឡេស៊ី ដោយផ្តោតលើ៖ ១- ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំតុលាការអំពីកម្មវិធីកែទម្រង់តុលាការ ប្រវត្តិនៃការផ្លាស់ប្ដូរតុលាការប្រពៃណីមកជាតុលាការឌីជីថលរបស់ប្រទេសម៉ាឡេស៊ី ជាមួយបញ្ហាប្រឈម និងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ២- ទស្សនកិច្ចដោយផ្ទាល់នៅតាមតុលាការជាន់ខ្ពស់និងជាន់ទាបម៉ាឡេស៊ី សិក្សាអំពីដំណើរការប្រព្រឹត្តិទៅនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការចាត់ការសំណុំរឿងនៅតុលាការ តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់ដំណាក់កាលបញ្ចប់នៃសំណុំរឿង រួមមានការចុះបញ្ជីនិងកសាងសំណុំរឿង E-Filing ការគ្រប់គ្រងសំណុំរឿង E-Case Management និងសវនាការអនឡាញ E-Hearing ។ ៣- ពិភាក្សានិងសិក្សាអំពីលទ្ធភាពក្នុងការប្រើប្រាស់និងដាក់ឱ្យអនុវត្តប្រព័ន្ធឌីជីថលនេះនៅតុលាការកម្ពុជា តាមរយៈការអនុវត្តនូវគម្រោងសាកល្បងនៅតាមតុលាការមួយចំនួន ផ្អែកតាមបរិបទ បញ្ញត្តិច្បាប់ និងធនធានជាក់ស្តែងរបស់កម្ពុជា។