ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមបើកសិក្ខាសាលាស្ដីពី «សមភាពយេនឌ័រ ពិការភាព និងបរិយាប័នសង្គម សិទ្ធិជនរងគ្រោះ និងការតាមដាន ការវាយតម្លៃ និងការរៀនសូត្រ »

 

    ភ្នំពេញ៖ នាថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា បានអញ្ជើញបើកសិក្ខាសាលាស្ដីពី «សមភាពយេនឌ័រ ពិការភាព និងបរិយាប័នសង្គម សិទ្ធិជនរងគ្រោះ និងការតាមដាន ការវាយតម្លៃ និងការរៀនសូត្រ » ដែលសហការរៀបចំដោយក្រសួងយុត្តិធម៌ និងកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា(ASEAN ACT) រយៈពេល៤ថ្ងៃ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង មកពីស្ថាប័នតុលាការ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

    សិក្ខាសាលានេះមានគោលបំណងបញ្ជ្រាបការអនុវត្ត ការតាមដាន និងការរាយការណ៍អំពីសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម និងការប្តេជ្ញាចិត្តចំពោះសិទ្ធិជនរងគ្រោះក្រោមផែនការគម្រោងនៃកម្មវិធី អាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស នៅកម្ពុជា និងការគាំទ្រដល់ការរៀបចំជាប្រព័ន្ធនូវការវិភាគ និងអភិក្រមសមភាពយេនឌ័រ និងសិទ្ធិជនរងគ្រោះ ទៅក្នុងស្ថាប័នជាតិ ដែលទទួលខុសត្រូវលើការអនុវត្តផែនការយុទ្ធសាស្រ្ត ជាតិប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩-២០២៣ រួមទាំងការដាក់បញ្ជូល បញ្ហាសមភាពយេនឌ័រ បរិយាប័នសង្គម និងសិទ្ធិជនរងគ្រោះ ទៅក្នុងផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើជួញដូរមនុស្ស។