ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតវាយសីក្នុងវិស័យយុត្តិធម៌ លើកទី៥

    រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតវាយសីក្នុងវិស័យយុត្តិធម៌ លើកទី៥ ឆ្នាំ២០២៣។

    ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន, ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ឯកឧត្តមប្រធានសាលាឧទ្ធរណ៍, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍, ឯកឧត្តមប្រធានសាលាដំបូង, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្ត្រីរាជការ និងមេធាវីមួយចំនួនទៀត។

    មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម កើត រិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមសេនាយុត្តិធម៌ ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ព្រមទាំងបានចូលរួមអបអរសាទរដល់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី ព្រមទាំងកីឡាករ កីឡាការិនីដែលបានចូលរួមប្រកួតដទៃទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការរៀបចំការប្រកួតនេះគឺធ្វើឡើងនៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហើយការរៀបចំការប្រកួតនេះទៀតសោតនឹងបង្កើតបានជាស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាព ទាំងអ្នករៀបចំ កីឡាករ កីឡាការិនី និងអ្នកទស្សនាផងដែរ។ ឯកឧត្តម កើត រិទ្ធ ក៏បានស្នើឱ្យអ្នកចូលរួម និងកីឡាករ និងកីឡការិនីក្នុងវិស័យយុត្តិធម៌ទាំងអស់បន្តរក្សាស្មារតីសាមគ្គីភាពនេះ ដើម្បីបន្តពង្រឹងបាននូវសុខសន្តិភាពរបស់ប្រទេសជាតិ ទាំងសម្រាប់ខ្លួនឯង និងកូនចៅជំនាន់ក្រោយ ហើយស្មារតីកីឡានេះនឹងរស់នៅក្នុងសុខសន្តិភាពជាយូរអង្វែងតរៀងទៅ។