ទីក្រុងតូក្យូ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ កិច្ចប្រជុំពិសេសនេះ ដឹកនាំដោយសហប្រធានដែលជា ឯកឧត្តម SAITO Ken រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងលោកជំទាវ AZALINA Othman Said រដ្ឋមន្ត្រីទទួលបន្ទុកការងារច្បាប់និងកំណែទម្រង់ស្ថាប័នរបស់ម៉ាឡេស៊ី និងដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់និងយុត្តិធម៌ ឬអគ្គរដ្ឋអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃបណ្តាប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងលេខាធិការដ្ឋានអាស៊ាន, តំណាងប្រទេសទីម័រខាងកើត (សមាជិកសង្កេតការណ៍) ព្រមទាំងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចប្រជុំពិសេសនេះ ជាកិច្ចប្រជុំលើកដំបូងបំផុតរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងជប៉ុន ដែលធ្វើឡើងក្នុងឱកាសនៃខួបលើកទី៥០ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន និងក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ការទូតយុត្តិធម៌» (Justice Affairs Diplomacy) របស់ជប៉ុន ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន សំដៅលើកកម្ពស់នីតិរដ្ឋ៖ ឆ្ពោះទៅដំណាក់កាលថ្មីលើសពីឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ» ដើម្បីលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ រវាងប្រទេសជប៉ុន និងអាស៊ាន។
ជាលទ្ធផលកិច្ចប្រជុំពិសេសនេះបានអនុម័តលើឯកសារសំខាន់ៗចំនួន ២ រួមមាន៖ (១)-សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និង (២)-ផែនការការងារអាស៊ាន-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌។ តាមរយ:សេចក្តីថ្លែងការណ៍រួមនេះ, បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់បានទទួលស្គាល់លទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាស៊ាន និងជប៉ុនក្នុងរយៈពេល ៥០ឆ្នាំកន្លងមក និង គាំទ្រឱ្យមានការលើកកម្ពស់នូវកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ឆ្ពោះទៅជំហានបន្ទាប់ សំដៅបន្តរួមចំណែកលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ, ការគោរពសិទ្ធិមនុស្ស, ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ដើម្បីអនុវត្តការប្តេជ្ញាចិត្តដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួម, អង្គប្រជុំក៏បានអនុម័តនូវផែនការការងារអាស៊ាន-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។ ផែនការការងារនេះ បានរំលេចនូវវិស័យអាទិភាពដែលត្រូវបន្តអនុវត្តក្នុងជំហានបន្ទាប់រវាងអាស៊ានជាមួយជប៉ុន។