ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចសម្ភាសជ្រើសរើសបេក្ខជនចំនួន ៣០រូប ដើម្បីចូលបម្រើការងារផ្នែកច្បាប់ ជាមន្ត្រីកិច្ចសន្យានៅក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣

    ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំដោយផ្ទាល់ក្នុងការសម្ភាសដើម្បីជ្រើសរើសបេក្ខជនចំនួន ៣០រូប ឱ្យចូលបម្រើការងារផ្នែកច្បាប់ ជាមន្ត្រីកិច្ចសន្យានៅក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣។ បេក្ខជនជ័យលាភីទាំង ៣០រូប នេះ នឹងត្រូវចូលបម្រើការងារនៅអគ្គនាយកដ្ឋានជំនាញ ដែលរួមមាន អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌។ កិច្ចសម្ភាសនៅថ្ងៃនេះ មានបេក្ខជនចូលរួមចំនួន ៥៧រូប ដែលបេក្ខជនទាំងនេះត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែងកាលពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រឡងប្រជែងសរុបចំនួន ៣៣៧រូប។