ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមជាគណៈអធិបតីនៃសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីដំណាក់កាលទី២ នៃកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សASEAN-ACT» នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រាជធានីភ្នំពេញ។

    ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អញ្ជើញចូលរួមជាគណៈអធិបតីនៃសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីដំណាក់កាលទី២ នៃកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សASEAN-ACT» ដែលសហការរៀបចំដោយក្រសួងយុត្តិធម៌ និងកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នមិនមែនរដ្ឋាភិបាល និងតំណាងក្រុមការងារបច្ចេកទេសកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្សផងដែរ។ សិក្ខាសាលានេះមានគោលបំណងធំៗចំនួនពីរគឺ៖

    ១. ពិភាក្សាជាមួយដៃគូ និងផ្ទៀងផ្ទាត់បញ្ជាក់លទ្ធផលចង់បាន ដែលចូលរួមចំណែកដល់ការសម្រេចបាននូវលទ្ធផលចុងបញ្ចប់កម្មវិធី

    ២. ប្រមូលព័ត៌មាន និងទស្សនៈពីដៃគូ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់ព័ត៌មានដល់ការរៀបចំគម្រោងពហុឆ្នាំសម្រាប់ដំណាក់កាលទី២ ។