ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌ និងអង្គការអុកស្វាម ប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, ក្រសួងយុត្តិធម៌ និងអង្គការអុកស្វាម ប្រចាំកម្ពុជា បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានចូលរួមជាគណៈអធិបតីពី ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងជាតំណាងទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមហាផ្ទៃ, ក្រសួងកិច្ចការនារី, ក្រសួងពាណិជ្ជកម្ម, សាលាជម្រះក្តី, អង្គការអយ្យការអមសាលាជម្រះក្តី, គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា, មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមាន សហភាពអឺរ៉ុប ប្រចាំកម្ពុជា, អង្គការ JICA, ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ជាដើម ដែលសិក្ខាសាលានេះមានអ្នកចូលរួមសរុបប្រមាណ ១៥០ នាក់។ សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងដើម្បីបញ្ជ្រាបនូវការយល់ដឹងជាបណ្តើរៗ អំពីទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាពិសេស ការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្រសួងយុត្តិធម៌នឹងដាក់ឱ្យអនុវត្តនៅពេលខាងមុខនេះ តាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

     សិក្ខាសាលាពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើងរយៈពេលពេញមួយថ្ងៃ ដោយពេលព្រឹក, អង្គសិក្ខាសាលាបានស្តាប់នូវការធ្វើបទបង្ហាញរបស់ក្រុមការងាររៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដែលផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺ៖ (១)-បទបង្ហាញអំពីទស្សនាទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងបទពិសោធន៍នៃប្រទេសក្នុងតំបន់, (២)-បទបង្ហាញអំពីសេចក្តីព្រាងព្រះរាជក្រឹត្យ, (៣)-បទបង្ហាញអំពីគុណវុឌ្ឍិ និងលក្ខខណ្ឌនៃការជ្រើសរើសមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ។ នៅពេលរសៀល, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយ ឯកឧត្តម គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំដោយផ្ទាល់នូវកិច្ចពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។

    ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ការរៀបចំព្រះរាជក្រឹត្យ ដើម្បីបង្កើត “អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ដែលជាយន្តការថ្នាក់ជាតិថ្មីមួយ ដែលនឹងបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ គឺដើម្បីឆ្លើយតបទៅនឹងការងារអាទិភាពទី១ ក្នុងចំណោមការងារអាទិភាពទាំង ៣ នៃការកែទម្រង់វិស័យយុត្តិធម៌ នៅក្នុងវិធានការគន្លឹះជាអាទិភាពទាំង ៥ ដែលបានដាក់ចេញដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល នាពេលកន្លងមក។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ មិនត្រឹមតែចែងអំពីការបង្កើតនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងបង្កើតឱ្យមាននូវក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទ ដើម្បីធានាឱ្យបាន ទាំងលើប្រសិទ្ធភាព ទាំងលើនិរន្តភាព នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ក្នុងស្មារតីដើម្បីធានាប្រសិទ្ធភាពនៃយន្តការនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលបានធ្វើឡើងត្រឹមត្រូវស្របតាមព្រះរាជក្រឹត្យនេះ នឹងទទួលបានការទទួលស្គាល់នូវតម្លៃគតិយុត្តជាភស្តុតាងរឹងមាំផង និងមានអានុភាពអនុវត្តដូចសាលក្រម ឬ សាលដីកាស្ថាពររបស់តុលាការផង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺមានលក្ខណៈស្របទៅនឹងប្រពៃណីនៃការដោះស្រាយវិវាទនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងជាពិសេស គឺជួយបញ្ចប់វិវាទបានឆាប់រហ័ស ដោយគូភាគីនៃវិវាទអាចទទួលបាននូវដំណោះស្រាយឈ្នះ-ឈ្នះ និង គ្មានអ្នកចាញ់ ដែលអាចរក្សាបាននូវភាពសុខដុមរមនានៅក្នុងសហគមន៍ និងសង្គមជាតិ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានមូលដ្ឋានគ្រឹះនៅក្នុង “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, ការឯកភាពជាតិ និងសន្តិភាពពេញបរិបូរណ៍ ជូនជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន។

    ជាលទ្ធផល, អង្គសិក្ខាសាលាទាំងមូលបានចូលរួមយ៉ាងផុលផុស ប្រកបដោយគំនិតស្ថាបនា សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ តាមការរំពឹងទុក និងបានសម្តែងនូវការអបអរសាទរចំពោះការរៀបចំឡើងនូវសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចឆ្លើយតបលើទិដ្ឋភាពជាក់ស្តែងរបស់សង្គមកម្ពុជា និងបានសម្តែងការគាំទ្រទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ។ ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ប្រចាំកម្ពុជា និងតួអង្គដែលមានការពាក់ព័ន្ធ ដែលបានជួយរៀបចំឯកសារទស្សនាទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលឯកសារនេះបានក្លាយជាមូលដ្ឋានដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចចិត្តផ្នែកនយោបាយ បង្កើតឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការអុកស្វាម ប្រចាំកម្ពុជា ដែលជាដៃគូអភិវឌ្ឍន៍ដ៏ស្មោះត្រង់របស់កម្ពុជា ហើយតែងតែផ្តល់ការគាំទ្រ និងបានផ្តល់កិច្ចសហការដល់ក្រសួងយុត្តិធម៌លើការងារនេះនាពេលកន្លងមក ព្រមទាំងបានផ្តល់ការគាំទ្រក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណដល់គ្រប់ក្រសួង ស្ថាប័ន និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងផ្តល់ធាតុចូលយ៉ាងផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវ និងសន្យាថានឹងយកធាតុចូលទាំងអស់នេះ ទៅពិចារណាក្នុងកែសម្រួលបន្ថែមទៅលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលព្រះរាជក្រឹត្យនេះចូលជាធរមាន។