ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង "ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤" ចំនួន ៦៨ រូប។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។  

    ថ្លែងនៅក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ ទាំង ៦៨ រូប ដែលសុទ្ធសឹងជាមន្ត្រីរដ្ឋបាល, មន្ត្រីជាប់កិច្ចសន្យា ជំនួយការ និងមន្ត្រីហាត់ការ ដែលបម្រើការងារនៅតាមសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍តំបន់ទាំង ៤។

   ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចជូនសិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ នេះ អំពីតួនាទីដ៏សំខាន់របស់ក្រឡាបញ្ជី ដែលមិនត្រឹមតែជាជំនួយដល់ចៅក្រម និងព្រះរាជអាជ្ញា និងជាលេខាកត់ត្រានៅក្នុងកិច្ចនីតិវិធីរបស់តុលាការប៉ុណ្ណោះទេ ប៉ុន្តែ ក្រឡាបញ្ជីក៏មានតួនាទីផ្សេងៗជាច្រើនទៀត ដូចមានចែងនៅក្រមនីតិវិធីជាធរមាន ហើយនៅក្នុងកិច្ចនីតិវិធីខ្លះមិនអាចខ្វះវត្តមានរបស់ក្រឡាបញ្ជីបានឡើយ។

    ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលនៃការកែទម្រង់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយកន្លងទៅនេះ, ក្រសួងយុត្តិធម៌ បានរៀបចំការកែទម្រង់ ទាំងលើផ្នែករឹង និងផ្នែកទន់ ដែលរួមមាន ការកែសម្រួល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់បណ្ឌិត្យសភាភូមនិន្ទយុត្តិធម៌កម្ពុជា ដើម្បីបង្កលក្ខណៈសម្រាប់ការពង្រីកសក្តានុពលរបស់ស្ថាប័នបណ្តុះបណ្តាលនេះ ព្រមទាំង ការផ្លាស់ប្តូរឈ្មោះពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មកជាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ការកែសម្រួលកម្មវិធីសិក្សាឱ្យស្របតាមការវិវត្តនៃច្បាប់ និងសង្គម, ការបង្កើតសាលាច្បាប់នៃ ប.ភ.យ.ក. ដែលមានចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជា ការពង្រឹងការប្រឡងប្រជែងនានា ដោយផ្អែកលើគោលការណ៍ “អ្នកចេះជាងគេ គឺជាប់”។

    ឆ្លៀតក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលនេះ, ដើម្បីឱ្យសិស្សក្រឡាបញ្ជីវគ្គពិសេសជំនាន់ទី៤ នេះ អាចត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីទិសដៅការងារកែទម្រង់វិស័យអាទិភាពនានា ជាពិសេស វិស័យយុត្តិធម៌ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នាពេលកន្លងមក។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរនូវគោលការណ៍ការងារ ដែលរាជរដ្ឋាភិបាលថ្មីនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់គឺ គោលការណ៍ "គុណាធិបតេយ្យ" ក្នុងការតែងតាំងមន្ត្រីក្នុងមុខតំណែងការងារនីមួយៗ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាថ្នាក់ដឹកនាំក្នុងវិស័យយុត្តិធម៌ ក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍ "អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព!" ក្នុងការដឹកនាំវិស័យនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីអភិក្រមដ៏ខ្ពង់ខ្ពស់ទាំង ៥ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញគឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ក៏ដូចជា អភិក្រមនៃការកែទម្រង់ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលភាពជោគជ័យនៃការកែទម្រង់ផ្អែកលើកត្តាសំខាន់ៗចំនួន ៤ គឺ ត្រូវមានចក្ខុវិស័យច្បាស់លាស់, ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, ត្រូវមានការចូលរួមដោយស្មោះត្រង់ពីគ្រប់តួអង្គពាក់ព័ន្ធ និងត្រូវមានការលះបង់ដើម្បីផលប្រយោជន៍រួម ដែលអភិក្រមដ៏ថ្លៃថ្លាទាំង ២ នេះ នឹងត្រូវប្រកាន់ខ្ជាប់ និងបន្តអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។  

   មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់សិស្សក្រឡាបញ្ជីវគ្គពិសេស ជំនាន់ទី៤ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន សិក្សារៀនសូត្រ និងបង្កើនចំណេះដឹង សំដៅរួមចំណែកដើម្បីការអភិវឌ្ឍវិស័យយុត្តិធម៌ និងដើម្បីអនាគតរបស់ខ្លួន ហើយនៅពេលក្លាយជាមន្រ្តីត្រូវយកសមត្ថភាព និងឆន្ទៈ ដាក់ចិត្ត ដាក់កាយ ប្តូរផ្តាច់ដើម្បីបម្រើប្រជាជន និងប្រទេសជាតិឱ្យបានល្អ។

    ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូននូវសិស្សក្រឡាបញ្ជីក្នុងម្នាក់នូវក្រមទាំង4 និងច្បាប់គោលទាំង3 ដើម្បីប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាល និងសម្រាប់ពេលអនាគតក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។