ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

    នៅព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ជាលើកដំបូង បន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចេញសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ លោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីទាំងអស់នៅក្រោមឱវាទអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ ។

    ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានមានមតិស្វាគមន៍អង្គប្រជុំ និងបានប្រកាសនូវសេចក្តីសម្រេចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានស្នើសុំដល់ថ្នាក់ដឹកនាំ សូមអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ជានិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ ក៏ដូចជា មន្ត្រីនៅក្រោមឱវាទនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីបុរេសកម្មជានិច្ច ដើម្បីបំពេញការងារទទួលបានលទ្ធផលល្អ ដោយត្រូវប្រកាន់ភ្ជាប់នូវអភិក្រមការងារ លឿន រហ័ស និងត្រឹមត្រូវ ។