ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅរសៀល ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

    កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាអនុប្រធាន និងសមាជិក នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួន នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២៖ (ទី១)-ការពិនិត្យលើសេចក្តីព្រាងលិខិតបទដ្ឋាន ពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១២, សិស្សក្រឡាបញ្ជីជំនាន់ទី៩, សិស្សអាជ្ញាសាលាជំនាន់ទី៣, និង សិស្សសារការីជំនាន់ទី៤ និង (ទី២)-ការពិនិត្យ និងវាយតម្លៃលើកិច្ចដំណើរការការងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ការលើកទិសដៅការងារបន្ត និងផែនការសកម្មភាពរបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥។

    ឆ្លៀតក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានគូសរំលេចនៅក្នុងអង្គប្រជុំអំពីតួនាទីដ៏សំខាន់របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ តាមរយៈ (១)-ការពង្រឹងគុណភាពនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្នុងវិស័យយុត្តិធម៌ និង(២)-ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលមន្ត្រីក្នុងវិស័យយុត្តិធម៌ ដែលនេះ គឺជាកម្មវិធីអាទិភាពមួយសម្រាប់ការងារកែទម្រង់វិស័យយុត្តិធម៌ របស់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

    ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការណែនាំដល់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឱ្យរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៤-២០២៥ ដោយផ្អែកលើមុខងាររបស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដូចដែលមានចែងក្នុងព្រះរាជក្រឹត្យថ្មីស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃបណ្ឌិត្យសភាភូមិនន្ទយុត្តិធម៌កម្ពុជា និងទិសដៅយុទ្ធសាស្រ្តនៃផែនការយុទ្ធសាស្រ្តកែទម្រង់វិស័យយុត្តិធម៌សម្រាប់រយៈពេល ១០ឆ្នាំ សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាភិបាលនាពេលខាងមុខ។