ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១

    បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង "ពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១" សរុបចំនួន ៣៤ រូប ដែលក្នុងនោះ ៣០រូប ទើបតែបានប្រឡងជាប់ជាស្ថាពរ និង ៤រូបទៀត គឺជាមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅក្រសួងយុត្តិធម៌។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងយុត្តិធម៌ និងនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។  

    កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹង របស់មន្រ្តីកិច្ចសន្យាផ្នែកបច្ចេកទេសដើម្បីត្រៀមលក្ខណៈទៅបំពេញការងាររបស់ខ្លួននៅក្រសួងយុត្តិធម៌ ដោយផ្ដោតការបណ្ដុះបណ្ដាលលើ៖ (១)-រចនាសម្ព័ន្ធនៃអង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌, (២)-ការងាររដ្ឋបាលទូទៅ និងកិច្ចការបច្ចេកទេសនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, និងអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, (៣)-ការរៀបចំលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត និង (៤)-រចនាសម្ព័ន្ធនិងមុខងាររបស់តុលាការ។ កម្មវិធីបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ជំនាន់ទី១ នេះ មានរយៈពេល ៤ សប្ដាហ៍ និងជាកម្មវិធីបណ្តុះបណ្តាលលើកដំបូងរបស់សាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា  សម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។

    ថ្លែងក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះមន្រ្ដីជាប់កិច្ចសន្យាទាំង ៣០ រូប  ដែលបានប្រឡងជាប់ស្ថាពរជាមន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសនៃក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣   ដែលជាការប្រឡងជ្រើសរើសបែបបច្ចេកទេសដែលពុំដែលមានពីមុនមកនៅក្នុងវិស័យយុត្តិធម៌។ 

    ឆ្លៀតក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសជំនាន់ទី១ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន សិក្សារៀនសូត្រ និងបង្កើនចំណេះដឹង សំដៅរួមចំណែកដើម្បីការអភិវឌ្ឍវិស័យយុត្តិធម៌ និងដើម្បីអនាគតរបស់ខ្លួន ហើយត្រូវយកសមត្ថភាព និងឆន្ទៈ ដាក់ចិត្ត ដាក់កាយ ប្តូរផ្តាច់ដើម្បីបម្រើប្រជាជន និងប្រទេសជាតិឱ្យបានល្អ។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរនូវគោលការណ៍ការងារ ដែលរាជរដ្ឋាភិបាលថ្មីនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់គឺ គោលការណ៍ "គុណាធិបតេយ្យ" ក្នុងការតែងតាំងមន្ត្រីក្នុងមុខតំណែងការងារនីមួយៗ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមជាថ្នាក់ដឹកនាំក្នុងវិស័យយុត្តិធម៌ ក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍ "អ្នកមានសមត្ថភាពត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ចត្រូវបំពាក់សមត្ថភាព!" ក្នុងការដឹកនាំវិស័យនេះ។

    ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជូនពរដល់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសជំនាន់ទី១ គ្រប់រូបឱ្យជួបតែសំណាងល្អក្នុងជីវិត ទទួលបានជោគជ័យរាល់ភារកិច្ច និងសម្រេចបាននូវបំណងរបស់ខ្លួន និងប្រកាសបើកវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្ដីជាប់កិច្ចសន្យាផ្នែកបច្ចេកទេសជំនាន់ទី១ ចាប់ពីពេលនេះតទៅ។