ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈប្រតិភូ ដើម្បីត្រៀមលក្ខខណៈចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការធ្វើឱ្យប្រសើរឡើងនូវរដ្ឋបាលតុលាការកម្ពុជា ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) និងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ

 

នៅព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំកោះកេរ្តិ៍ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, លោកជំទាវ អ៊ឹង រីណា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈប្រតិភូ ដើម្បីត្រៀមលក្ខខណៈចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីការធ្វើឱ្យប្រសើរឡើងនូវរដ្ឋ បាលតុលាការកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាសភាពគណៈប្រតិភូទាំង២០ រូប ដែលទទួលបានការចាត់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលក្នុងនោះជាអាទិ៍រួមមានមន្រ្តីក្រសួងយុត្តិធម៌ ដែលមាន សមត្ថកិច្ចពាក់ព័ន្ធ និងមន្រ្តីរដ្ឋបាលតុលាការរាជធានីខេត្ត។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ក្នុងគោលដៅចូលរួមចំណែកពង្រឹងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតុលាការ និងបង្កើនសមត្ថភាពមន្ត្រីតុលាការនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើរបៀបវារៈមួយចំនួនរួមមាន៖

    -ការសំណេះសំណាល និងណែនាំខ្លូនរបស់សមាសភាពចូលរួម

    -ការបែងចែកក្រុមការងារ និងភារកិច្ចទទួលខុសត្រូវក្នុងការរៀបចំឯកសារត្រៀម និងសេចក្តីព្រាងបទបង្ហាញអំពីការគ្រប់គ្រងរដ្ឋបាលតុលាការនៅព្រះរាជាណាចក្រកម្ពុជាដែលឆ្លុះបញ្ចាំងជាអាទិ៍អំពីបញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អ និងពង្រឹងបន្ថែម (Country Report)

    -ការត្រៀមលក្ខខណៈរៀបចំ និងអនុវត្តផែនការសកម្មភាពក្នុងការពង្រឹងរដ្ឋបាលតុលាការនៅព្រះរាជាណាចក្រ កម្ពុជា

    -ការត្រៀមលក្ខខណៈក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ -ការផ្តល់ជូនព័ត៌មានផ្នែករដ្ឋបាលជាអាទិ៍អំពីការធ្វើដំណើរទៅសាធារណរដ្ឋកូរ៉េ និងការស្នាក់នៅទីនោះក្នុងអំឡុងពេលនៃវគ្គបណ្តុះបណ្តាលនេះ ដោយលោកពៅ វិបុល ប្រធាននាយកដ្ឋានបច្ចេកទេស និងទំនើបកម្មនៃរដ្ឋបាលតុលាការ