នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមក្រសួងយុត្តិធម៌ និង លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បានអញ្ជើញចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់កិច្ចប្រតិបត្តិការទូទាត់សេវាស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) រវាងក្រសួងយុត្តិធម៌ និងធនាគារ អេស៊ីលីដា ភីអិលស៊ី។ ការចុះហត្ថលេខាលើអនុស្សរណៈនាព្រឹកនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានការឯកភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចជ្រើសរើសយកធនាគារ អេស៊ីលីដា អិលធីឌី ជាធនាគារដៃគូសម្រាប់ប្រតិបត្តិការទូទាត់សេវាស្នើសុំព្រឹត្តិបត្តិថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។ អនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអភិវឌ្ឍយន្តការព្រឹត្តិបត្រថ្កោលទោស តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលជាយន្តការសម្រាប់បម្រើសេវាសាធារណៈ ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ ផ្តល់ភាពងាយស្រួល ឆាប់រហ័ស និងកាត់បន្ថយការចំណាយថវិកាសម្រាប់បម្រើសេចក្តីត្រូវការរបស់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស ស្របតាមគតិបណ្ឌិតណែនាំដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជនកម្ពុជាទូទៅ។ ពិធីចុះអនុស្សរណៈនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌រួមមាន ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោស ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតរបស់ក្រសួងយុត្តិធម៌ និងធនាគារ អេស៊ីលីដាផងដែរ។