រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីដាក់ចេញទិសដៅការងារប្រឆាំងការសម្អាតប្រាក់ សំដៅសម្រេចឱ្យបាននូវរបាយការណ៍វាយតម្លៃថ្នាក់ជាតិលើក២ ក្នុងឆ្នាំ២០២៤។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំយន្តការអន្តរស្ថាប័នដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអនុប្រធាន និងសមាជិក នៃ គ.ស.ហ.។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានគូសបញ្ជាក់ថាការងារប្រឆាំងការសម្អាតប្រាក់នៅតែជាកិច្ចការអាទិភាពមួយរបស់កម្ពុជា ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ របស់ FATF កាលពីឆ្នាំ២០២៣ ក៏ដោយ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ. បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការប្រឆាំងការសម្អាតប្រាក់ ប្រកបដោយភាពម្ចាស់ការ និងស្មារតីបុរេសកម្ម ដើម្បីឱ្យយន្តការមួយនេះដំណើរការទៅដោយរលូន មានប្រសិទ្ធភាពខ្ពស់ ព្រមទាំងធានាបាននូវនិរន្តរភាព សំដៅធ្វើយ៉ាងណាកុំឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះរបស់ FATF ជាថ្មីម្ដងទៀត ដែលនេះជាបំណងប្រាថ្នានយោបាយ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕