ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិភាក្សាការងារអំពី “ការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌”

     វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នេះ, តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំថ្នាក់ដឹកនាំ និងសហការីនៃក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដើម្បីពិភាក្សាការងារ និងបង្ហាញអំពី “ការអនុវត្តនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌”។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក និងសមាជិកា នៃគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការនានា នៃរដ្ឋសភា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីឱ្យគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា អាចធ្វើការឈ្វេងយល់អំពីវឌ្ឍនភាពនៃវិស័យយុត្តិធម៌ ក៏ដូចជា យុទ្ធសាស្ត្រ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងការដ្ឋានកែទម្រង់វិស័យយុត្តិធម៌ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំដាក់ឱ្យដំណើរការតុលាការជំនាញ, ការរៀបចំដាក់ឱ្យដំណើរការយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, វឌ្ឍនភាពនៃយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាអត្រានុកូលដ្ឋាន និងចក្ខុវិស័យរបស់ក្រសួងពាក់ព័ន្ធនឹងការតាក់តែងច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលជាតម្រូវការចាំបាច់របស់វិស័យយុត្តិធម៌។ ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ សម្តែងនូវកតញ្ញុតាធម៌ ចំពោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានកសាងសមិទ្ធផលជាស្នាដៃដ៏ធំធេងជាច្រើន ដែលជាគ្រឹះនៃវិស័យយុត្តិធម៌របស់កម្ពុជានាពេលបច្ចុប្បន្ន។ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការបង្ហាញ និងស្រាយបំភ្លឺជូនអង្គប្រជុំអំពីយុទ្ធសាស្ត្រ និងទិសដៅការងាររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដ្ឋានកែទម្រង់វិស័យយុត្តិធម៌ ក៏ដូចជាវឌ្ឍនភាពនានាក្នុងវិស័យយុត្តិធម៌, ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងអង្គប្រជុំទាំងមូល បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រសួងយុត្តិធម៌ក្នុងការអនុវត្តកិច្ចការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្នុងការបិទបញ្ចប់នៃកិច្ចប្រជុំ, ឯកឧត្តមប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ គឺជាឱកាសមួយដែលអនុញ្ញាតឱ្យស្ថាប័ននៃអំណាចនីតិប្បញ្ញត្តិ និងស្ថាប័ននៃអំណាចនីតិប្រតិបត្តិ អាចជួបជុំគ្នា ដើម្បីពិភាក្សា និងស្វែងយល់អំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាដើម្បីប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ពី ឯកឧត្តម លោកជំទាវ ដែលជាតំណាងរាស្រ្ត។