ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

     ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងលើកទិសដៅនៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាសភាពនៃយន្តការទាំងអស់ចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដែលបានអនុវត្តការងារយ៉ាងសកម្មប្រកបដោយលទ្ធផលជាក់ស្តែងត្រឹមរយៈពេលដ៏ខ្លីនេះ។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់អង្គប្រជុំដែលសុទ្ធតែជាថ្នាក់ដឹកនាំយន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ឱ្យបន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារបន្ថែមទៀត ដើម្បីធ្វើឱ្យដំណើរការនៃការអនុវត្តយុទ្ធនាការទាំង ២ កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។