ព្រឹកថ្ងៃ ចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី្កក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលដំបូងដល់សិស្សមន្រ្តីរដ្ឋបាលតុលាការ ជំនាន់ទី២ និងវគ្គបណ្តុះបណ្តាលបន្តដល់មន្រ្តីរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត វគ្គទី២។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងថ្នាក់ដឹកនាំបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងដោយមានការចូលរួមពី សិស្សមន្ត្រីរដ្ឋបាលតុលាការ សរុបចំនួន ១៣០ រូប។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីការដើរតួនាទីយ៉ាងសំខាន់របស់អង្គភាពរដ្ឋបាលតុលាការ ដែលជាសេនាធិការឱ្យសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តី លើការងារផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ទំនាក់ទំនងសាធារណៈជាមួយប្រជាពលរដ្ឋទូទៅដែលមកប្រើប្រាស់សេវាយុត្តិធម៌។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់ប្អូនៗជាសិស្សមន្ត្រីរដ្ឋបាលតុលាការ ជំនាន់ទី២ និង មន្ត្រីរដ្ឋបាលតុលាការ ឱ្យខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះដោយយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងក្របខ័ណ្ឌផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌផ្នែកអនុវត្តជាក់ស្តែង ទាំងលើការពង្រឹងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យខ្លួនឯងមានសមត្ថភាពពិតប្រាកដ នៅពេលចេញទៅបម្រើការងារនៅតាមអង្គភាពរដ្ឋបាលតុលាការរបស់ខ្លួនវិញ។